កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ
នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម តូ ឡឹម (TO Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមប្រធានរដ្ឋ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងឆ្លៀតពេលវេលាដ៏មមាញឹកទទួលជំនួបពិភាក្សាការងារជាមួយឯកឧត្តម និងគណៈប្រតិភូ ព្រមទាំងបានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម និងឯកឧត្តមប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាមជូនចំពោះសម្តេចធិបតីផងដែរ។ ឯកឧត្តមប្រធានរដ្ឋ ក៏បានអបអរសាទរចំពោះកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ ក្រោមម្លប់ដ៏ត្រជាក់របស់អង្គព្រះមហាក្សត្រ និងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយសង្ឃឹមថាប្រទេសកម្ពុជានឹងមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឈានដល់ការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ បន្ថែមលើនេះ ឯកឧត្តមប្រធានរដ្ឋ ក៏បានបញ្ជាក់ជូនសម្តេចធិបតី ថាវៀតណាម និងកម្ពុជានឹងបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទៅមុខឱ្យបានកាន់តែរឹងមាំបន្ថែមទៀត ដោយឈរលើស្មារតីភាពជាអ្នកជិតខាងល្អ និងវប្បធម៌ប្រហាក់ប្រហែលគ្នា ព្រមទាំងប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងវៀតណាម-កម្ពុជា ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្ដម តូ ឡឹម ប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូ ព្រមទាំងបានបញ្ជាក់ថា ក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងកំឡុងពេល ៥៧ ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរបានបន្តនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលមានការរីកចម្រើនលើគ្រប់វិស័យ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម។ ក្នុងជំនួបពិភាក្សានេះ សម្តេចធិបតី និងឯកឧត្តមប្រធានរដ្ឋវៀតណាម បានពិភាក្សាលើចំណុចសំខាន់ៗ ដែលរួមមាន៖ (១) កិច្ចសហប្រតិបត្តិការការទូតនិងនយោបាយ ដោយភាគីទាំងពីរនឹងបង្កើននូវការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នាកម្រិតជាន់ខ្ពស់បន្ថែមទៀត (២) កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងថាមពល តាមរយៈការពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យអស់សក្តានុពល និងខិតខំជំរុញបន្ថែមទៀតនូវសកម្មភាពសេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌរដ្ឋាភិបាល និងវិស័យឯកជន (៣) កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដោយបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីរួមចំណែករក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ព្រមទាំងកិច្ចសហការ និងការចែករំលែកព័ត៌មានគ្នា ក្នុងការទប់ស្កាត់បទល្មើសតាមព្រំដែន ដូចជាការជួញដូរមនុស្ស គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធអនឡាញ (៤) ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការតភ្ជាប់ ដោយផ្តោតលើការបន្តផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលដល់សិក្ខាកាមជានិស្សិត និងមន្ត្រីរាជការ ការជំរុញវិស័យទេសចរណ៍ និងការពង្រីកជើងហោះហើរផ្ទាល់ ក៏ដូចជាការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត និង ហូជីមិញ-ម៉ុកបៃ)
និង (៥) កិច្ចការព្រំដែន ដោយភាគីទាំងពីរនៅតែចាត់ទុកការបោះបង្គោលព្រំដែនគោក ជាកិច្ចការអាទិភាព និងបន្តពិភាក្សាដើម្បីឈានទៅសម្រេចបាននូវការបោះបង្គោលព្រំដែនគោក ដែលនៅសេសសល់១៦% តាមរយៈការធ្វើការរួមគ្នាដោះស្រាយលើតំបន់ព្រំដែនគោក ៦%ជាមុន និង១០% បន្តបន្ទាប់ទៀត។
ជាទីបញ្ចប់ សម្ដេចធិបតី ក៏បានជូនពរដល់ឯកឧត្ដមប្រធានរដ្ឋ និងគណៈប្រតិភូ ឱ្យទទួលបានជោគជ័យ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព៕