ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្តនឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទដែលអស់ពិន្ទុ ឬពិន្ទុសូន្យ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ តទៅ។ អគ្គស្នងការនគរបាលជាតិ ក៏សំណូមពរដល់ប្រជាពលរដ្ឋដែលមានបណ្ណបើកបរយានយន្តគ្រប់ប្រភេទជិតអស់ពិន្ទុ ទៅដាក់ពាក្យសុំរៀនបំប៉ន ដើម្បីប្រឡងយកពិន្ទុបន្ថែម ឬបំពេញពិន្ទុឡើងវិញ នៅមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
អគ្គស្នងការដ្ឋាននគរបាលជាតិ សង្ឃឹម និងជឿជាក់លើការចូលរួមរបស់ បងប្អូនប្រជាពលរដ្ឋក្នុងការអនុវត្តសេចក្តីជូនដំណឹងនេះ ដើម្បីលើកកម្ពស់ការគោរពច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក កាត់បន្ថយគ្រោះថ្នាក់ និងរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែប្រសើរជាលំដាប់ ចាប់ពីថ្ងៃជូនដំណឹងតទៅ៕