អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវផ្លូវការ មណ្ឌលសុខភាពពាមកោះស្នា…

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវផ្លូវការ មណ្ឌលសុខភាពពាមកោះស្នា

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវផ្លូវការ មណ្ឌលសុខភាពពាមកោះស្នា ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម និង លោកជំទាវ លាង វួចឆេង ហ៊ុនណេង ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្នុងឳកាសនោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា នៅឆ្នាំ២០២៤ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ លោកជំទាវ លាង មួចឆេង ហ៊ុនណង ដែលលោកជំទាវ មើលឃើញពីការលំបាកក្នុងការផ្តល់សេវា ដោយអគារនោះនៅតូច និងគ្មានបន្ទប់គ្រប់គ្រាន់សម្រាប់ផ្តល់សេវាសុខាភិបាល និងបុគ្គលិកសម្រាកយាមប្រចាំការពេលយប់ ហើយនិងមានបំណងចង់ពង្រីកសេវាឱ្យបានច្រើនបន្ថែមទៀត នៅក្នុងមណ្ឌលសុខភាពពាមកោះស្នា ដើម្បីជាបង្អែករបស់ប្រជាជនសម្រាប់៣ឃុំតាមមាត់ទន្លេ មានឃុំពាមកោះស្នា ឃុំព្រះអណ្តូង ឃុំខ្ពបតាងួន ទើបលោកជំទាវ បានសម្រេចចិត្តសាងសង់អគារថ្មី ១ខ្នងដែលមានទទឹង ១៣ម៉ែត្រ បណ្តោយ ១៩ម៉ែត្រ មាន៨បន្ទប់ មានវេរ៉ង់ដាខាងមុខសម្រាប់រថយន្តគិលានសង្គ្រោះដឹកអ្នកជំងឺឡើង-ចុះ ព្រមទាំងបានចាក់សាប ទំហំ ២,៦០ម៉ែត្រគុណ ៤,១០ ម៉ែត្រ សម្រាប់ដាក់ខ្ចុះធ្វើពីដែកប្រក់ក្បឿង ចំនួន១ខ្នង, ឃ្លាំងដាក់សម្ភារៈ ១ខ្នង ទំហំ ៣,៦០ម៉គុណ៤ម៉, រោងដាក់ឡាន ១ខ្នងទំហំ ៥ម៉ គុណ៨,២០ម៉, ធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងក្លោងទ្វារ មានបំពាក់ស្លាកមណ្ឌលសុខភាពរួចជាស្រេចតែម្តង សរុបថវិកា ១៤៥.៦៧៨,៨៩ ដុល្លា។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តឲ្យ ពង្រឹងគុណភាពសេវាវេជ្ជសាស្ត្រអម និងការធ្វើរោគវិនិច្ឆ័យ និងពង្រីកសេវាបន្ថែមតាមរយៈ ការរៀបចំបន្ថែមបុគ្គលិកឱ្យបានចំនួន ១២នាក់ ព្រមទាំងមានវេជ្ជបណ្ឌិត ១នាក់ប្រចាំការនៅមណ្ឌលសុខភាពនេះផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ក្នុងឱកាសនោះផងដែរថា មណ្ឌលសុខភាពពាមកោះស្នា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ គឺមានសារៈសំខាន់ណាស់ ក្នុងការសង្គ្រោះ ព្យាបាល ថែរក្សាសុខភាពជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅក្នុងមូលដ្ឋានទាំងមូល ។

ឯកឧត្តមសន្តិបណ្ឌិត បានចាត់ទុកថា ការសាងសង់មណ្ឌលសុខភាពនៅទីនេះ គឺជាគំរូមួយ ជាវីរ:ភាពមួយ សម្រាប់រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយពង្រឹងវិស័យសុខាភិបាល និងវិស័យសុខមាលភាព ពីព្រោះវិស័យសុខាភិបាល និងសុខមាលភាពនេះ គឺជាវិស័យអាទិភាព នៅក្នុងនយោបាយបញ្ចកោណ នៃតំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាល ៕

    

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *