ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអំពាវនាវសារជាថ្មីដល់ លោក លោកស្រី ជាម្ចាស់ ឬតំណាងក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនបរទេស ទាំងអស់ ដែលកំពុងធ្វើប្រតិបត្តិការដោយពុំមានការអនុញ្ញាត ឬមានបំណងធ្វើប្រតិបត្តិការនៅក្នុងវិស័យ ICT មកដាក់ពាក្យស្នើសុំការអនុញ្ញាតពី ក.ប.ទ. ស្របតាមបទប្បញ្ញត្តិជាធរមាន តាមប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល service.mptc.gov.kh (e-Registration)។
តាមសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់ថា ចំពោះប្រតិបត្តិករណា ដែលនៅតែធ្វើប្រតិបត្តិការនៅក្នុងវិស័យ ICT ដោយពុំមានការអនុញ្ញាត នឹងត្រូវទទួលរងពិន័យអន្តរការណ៍ ឬបញ្ឈប់សកម្មភាពអាជីវកម្ម ឬប្រឈមនឹងវិធានការនានាស្របតាមបទប្បញ្ញត្តិជាធរមាន។
តាមប្រៃសណីយ៍ និងទូរគមនាគមន៍ បានរម្លឹកថា កន្លងមកក្រសួង តែងតែអនុគ្រោះ និងធ្វើការផ្សព្វផ្សាយជាប្រចាំដល់ប្រតិបត្តិករដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងវិស័យ ICT ដោយពុំមានការអនុញ្ញាត ឱ្យមកដាក់ពាក្យស្នើសុំការអនុញ្ញាតបំពេញប្រតិបត្តិការពី ក.ប.ទ. ស្របតាមបទប្បញ្ញត្តិជាធរមាន។ ទោះបីជាយ៉ាងនេះក្តី ក៏ប្រតិបត្តិករមួយចំនួន ពុំទាន់បានមកបំពេញកាតព្វកិច្ចស្នើសុំការអនុញ្ញាតនៅឡើយទេ ហើយនៅតែបន្តធ្វើប្រតិបត្តិការដោយពុំមានការអនុញ្ញាតដដែល។
យោងតាមមាត្រា ៥ នៃអនុក្រឹត្យលេខ១១០ អនក្រ.បក ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការផ្តល់ការអនុញ្ញាតប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានកំណត់ថា “គ្មានបុគ្គលណាអាចបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ លើកលែងតែបុគ្គលនោះបានទទួលលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ ពី ក.ប.ទ.”៕