នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ចំណុះរដ្ឋបាលខេត្ត បានអញ្ជើញចូលរួមក្មុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាគាររដ្ឋបាល និងសមិទ្ធផលនានា ព្រមទាំងសំណេះសំណាលជាមួយកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា អាគារថ្មីដែលបាននឹងកំពុងធ្វើពិធីប្រារព្ធនាពេលនេះ មានកម្ពស់២ជាន់ ទំហំ ៤*១០ម៉ែត្រ ស្មើនឹង១៤បន្ទប់ ចំណាយអស់ទឹកប្រាក់សាងសង់ចំនួន ២៤មុឺនដុល្លារ ដែលជាថវិកាប្រកបដោយសប្បុរសធម៌មួយចំនួនដូចជា
១-ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ចាម
២-ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
៣-ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
៤-ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ
៥-ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម
៦-លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមគាំទ្រជួយឧបត្ថម្ភពីសំណាក់ អ្នកឧកញ៉ា លោកឧកញ៉ា បងប្អូនអាជីវករ នៅទីឆ្ងាយ-ជិត និងកងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ផងដែរ។
បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម, ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរដល់គណៈបញ្ជាការឯកភាពខេត្ត ក៏ដូចជាកងកម្លាំងនគរបាល នៃស្នងការនគរបាលខេត្តកំពង់ចាម ដែលបានលះបង់អស់កម្លាំងកាយចិត្តក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ ជាពិសេសការពារនូវសមិទ្ធិផលសម្រេចបាន គ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវគោលការណ៍ណែនាំមួយចំនួនដើម្បីឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមអនុវត្តការងារបន្ត រួមមាន៖
ទី១. បន្តថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥។
ទី២.ត្រូវចូលរួមសហការពីតួរអង្គសំខាន់ៗទាំងអស់ដាក់ចេញវិធានការបង្ការ និងទប់ស្កាត់ បញ្ហាក្មេងទំនើង និងក្រុមឆក់ឱកាស ជាពិសេសអំឡុងពេលចូលថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
ទី៣.បន្តបង្ក្រាបល្បែងសុីសងខុសច្បាប់ នៅតាមមូលដ្ឋានឲ្យបានជាប់ជាប្រចាំ ។
ទី៤. បន្តសហការ ជាមួយកងកម្លាំងប្រដាប់ធ្វេីយ៉ាងណាលុបបំបាត់ឲ្យបាននូវបញ្ហាគ្រឿងញៀន ។
ទី៥. បំរេីសេវាសាធារណៈជូនពលរដ្ឋឲ្យបានល្អ និងបន្តការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យតាមភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ៕