សម្តេចបវរធិបតី សម្រេចឱ្យរៀបចំដីជាង៧០ហិកតានៅតំបន់កប់ស្រូវ ដើម្បីរៀបចំរៀបជាសួនសាធារណៈកម្សាន្ត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឱ្យអភិបាលរាជធានីភ្នំពេញ រៀបចំដីនៅតំបន់ទំនប់កប់ស្រូវជាង៧០ហិកតាដើម្បីរៀបចំជាសួនសាធារណៈជាកន្លែងលំហែកាយដល់ប្រជាពលរដ្ឋ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ” នាព្រឹកថ្ងៃទី០៧ខែមេសាឆ្នាំ២០២៥សម្តេចបវរធីបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖«ឡូវនៅរាជធានីភ្នំពេញខ្ញុំឱ្យរៀបចំនៅកន្លែងផ្លូវកប់ស្រូវ ត្រៀមជាង៧០ហិកតា ដើម្បីធ្វើសួនសាធារណៈឱ្យអ្នកក្រុងភ្នំពេញកម្សាន្ត។ មានអ្នកគេវាយតម្លៃថាតំបន់នឹងមួយការ៉េ១ពាន់ដុល្លារ អ៊ីចឹងជាង ៧០ហិកតាបានជាង៧០លានដុល្លារ។ កន្លែងនេះយើងទុកជាកន្លែងសាធារណៈសម្រាប់អ្នករាជធានីភ្នំពេញ ហើយថ្ងៃក្រោយអ្នកនៅតាមបណ្តាខេត្តក៏អាចមកលេងបាន»។
សម្តេចបវរធីបតី បានលើកឡើងថា កន្លែងដែលនឹងរៀបចំនេះក៏អាចរៀបចំការប្រគុំតន្ត្រីនៅថ្ងៃសៅរ៍អាទិត្យដើម្បីសប្បាយរីករាយ។ ពេលនេះឯកឧត្តម ឃួង ស្រេង កំពុងរៀបចំដាំដើមឈើរាប់ពាន់ដើម ដើម្បីដាំនៅទីនោះ។ នៅពេលថ្ងៃខាងមុខនៅចំកណ្តាលក្រុងធំៗ ត្រូវតែមានទីធ្លាទូលំទូលាយជាសាធារណៈសម្រាប់ជូនប្រជាពលរដ្ឋកម្សាន្ត។ជាមួយគ្នានោះដែរសម្តេចបវរធិបតី ក៏បានឱ្យដឹងនៅតាមបណ្តាខេត្តខ្លះសម្តេចបានឱ្យយោបល់ទុកដី ១០០ហិកតា ឬ២០០ហិកតាសម្រាប់រៀបចំកន្លែងសាធារណៈសម្រាប់ប្រជាពលរដ្ឋផងដែរ។ សម្តេចបវរធិបតីបានបញ្ជាក់ថា៖« អ៊ីចឹងត្រូវរកដីទុកឱ្យហើយទៅសម្រាប់រៀបចំកន្លែងសាធារណៈសម្រាប់ឱ្យប្រជាពលរដ្ឋ ដែលនៅតាមខេត្តនីមួយៗ ។នេះហើយជាការប្រកួតប្រជែងរបស់ខេត្តនីមួយៗ…….. ការរៀបចំកន្លែងសារធាណៈកាន់តែច្រើន កាន់តែល្អ»។
សម្តេចបវរធិបតីក៏បានគាំទ្រចំពោះការអភិវឌ្ឍរបស់ខេត្តកែប ដែលរៀបចាក់ខ្សាច់ដើម្បីរៀបចំកន្លែងសាធារណៈសម្រាប់ប្រជាពលរដ្ឋកម្សាន្តផងដែរ។ការធ្វើបែបនេះក៏ជាកន្លែសម្រាប់ ទាក់ភ្ញៀវទេសចរនៅក្នុងខេត្តនិងមកពីក្រៅប្រទេសផងដែរ។
សម្តេចបវរធិបតីក៏បានចាត់ទុកការរៀបចំកន្លែងសាធារណៈសម្រាប់ប្រជាពលរដ្ឋ នៅនឹងកន្លែងជាអ្វីដែលជាគិតគូរសំខាន់ពីសំណាក់រាជរដ្ឋាភិបាល៕