២នាក់ប្តីប្រពន្ធដេកស្លាប់ក្រោមដើមសំរ៉ង បន្ទាប់ពីកាប់ប្រមូលយកផ្លែវា

កោះកុង៖ ២នាក់ប្តីប្រពន្ធ ត្រូវបានគេប្រទះឃើញដេកស្លាប់រួមគ្នានៅក្រោមដើមសំរ៉ង ក្រោយពីពួកគេកាប់ដើមប្រមូលយកផ្លែសំរ៉ងយកទៅលក់ ស្របពេលសាច់ញាតិក្រុមគ្រួសារបាត់ដំណឹងមិនឃើញត្រឡប់មកផ្ទះវិញ។

លោកវរៈសេនីយ៍ទោ យួត ហេងប៊ុនម៉ា អធិការនគរបាលស្រុកបូទូមសាគរ បានឱ្យដឹងនៅយប់ម៉ោង៧និង៥២ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះថា ២នាក់ប្តីប្រពន្ធដែលស្លាប់ដោយសារតែការកាប់ដើមសំរ៉ងយកផល គឺទី១បុរសជាប្តីមានឈ្មោះ ឪ រិទ្ធ ភេទប្រុស អាយុ៣៧ ឆ្នាំ និងទី២ស្រ្តីជាប្រពន្ធឈ្មោះ យ៉ាន់ សំភស់ ភេទស្រីអាយុ ៤១ឆ្នាំ នាក់ មានទីលំនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ។

លោកអធិការនគបាលស្រុកបូទូមសាគរ បន្តទៀតថា ២នាក់ប្តីប្រពន្ធខាងលើនេះ បានចេញពីផ្ទះចូលព្រៃទៅកាប់កាប់ដើមសំរ៉ងនៅចំណុចភ្នំកំពង់ប្លូ ស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ។ លុះដល់ពេលយប់មិនឃើញត្រលប់មកផ្ទះវិញ សាច់ញាតិក្រុមគ្រួសារ ក៏បានហៅទូរស័ព្ធចូលតែគ្មានអ្នកលើ។ ហើយដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្រុមគ្រួសារបានដើររកនៅចំណុចខាងលើរកមិន ឃើញមនុស្ស ឃើញតែម៉ូតូ។ បន្ទាប់មកទៀតនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១០ និង៤៥នាទី ក្រុមគ្រួសារបានដើររកនៅចំណុចដដែលម្ដងទៀត ក៏បានឃើញជនរងគ្រោះទាំងពីរនាក់ត្រូវដើមសំរ៉ងបាក់សង្កត់ស្លាប់នៅកន្លែងកើតហេតុទើបរាយការណ៍មកអាជ្ញាធរ ភូមិឃុំចុះទៅដល់កន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធបានស្លាប់ អំឡុងពេលកំពុងរើសផ្លែសំរ៉ងក្រោមដើមដែលពួកគាត់បានកាប់ទុកចោលមួយដើមទៀត ដោយវាបាក់ជាប់វល្លិ៍ឈើហើយធ្លាប់មកសង្កត់ទាំង២នាក់ប្តីប្រពន្ធតែម្តង។ ក្រោយពិនិត្យសាកសពរួច កម្លាំងជំនាញអធិការដ្ឋាន- គ្រូពេទ្យមណ្ឌលសុខភាពអណ្ដូងទឹក និងអាជ្ញាធរភូមិ-ឃុំ បានប្រគល់សាកសពទាំងពីរនាក់ប្រពន្ធប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

របាយការណ៍របស់សមត្ថកិច្ច បង្ហាញថា នៅឆ្នាំ២០២៥នេះ មានករណីកាប់ដើមសំរ៉ងហើយបណ្តាលឱ្យបាក់សង្កត់លើមនុស្សស្លាប់ចំនួន៣ករណី ស្លាប់មនុស្ស៤នាក់។

ទាក់ទិននឹងបញ្ហានេះ លោក ហ៊ុន ម៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ធ្លាប់លើកឡើងថា កន្លងទៅ មន្រ្តីជំនាញ និងអ្នកពាក់ព័ន្ធផ្នែកបរិស្ថាន តែងតែចុះផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋដែលនិយមតែងកាប់ដើមសំរ៉ងយកផ្លែខ្ចីមកហាលលក់ទៅឈ្នួញ ដោយចាត់ទង្វើនេះជារឿងមិនគួរឱ្យបន្តប្រព្រឹត្តនោះទេ។

ទន្ទឹមនោះការអប់រំណែនាំរបស់មន្រ្តីជំនាញជាច្រើនលើកច្រើនសារ ក៏មានពលរដ្ឋមួយចំនួនបានដៀលដាមថាមន្រ្តីកំពុងបិទសេរីភាពពួកគាត់មិនឱ្យរកអនុផលព្រៃឈើដែលមានតាំងដូនតារបស់ពួកគាត់មក ស្របពេលជីវភាពសេដ្ឋកិច្ចរបស់ពួកគាត់មិនល្អពេលបច្ចុប្បន្ន។ ផ្លែសំរ៉ង អាចរកអនុផលបានដោយការរើសផ្លែវាដែលទុំជ្រុះដល់ដី ពុំមែនការកាប់ដើមរំលើងយកផលនោះទេ៕

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *