ពិធីសំណេះសំណាលសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ នៅស្នងការដ្ឋាននគរបាលខេត្តកែប

ពិធីសំណេះសំណាលសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ
នៅស្នងការដ្ឋាននគរបាលខេត្តកែប

ខេត្តកែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូនកងកម្លាំងនៅស្នងការដ្ឋាននគរបាលខេត្តកែប នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសនោះ ឯកឧត្តមបានផ្តល់នូវដំបូន្មានដ៏មានតម្លៃ ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងខេត្តឱ្យបន្តពង្រឹងការប្រយុទ្ធទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ទាំងនៅលើគោក និងតាមផ្លូវសមុទ្រ ដើម្បីថែរក្សាសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយក្នុងខេត្ត។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ដោយលើកទឹកចិត្តថា កងកម្លាំងគ្រប់ស្ថាប័នបានបំពេញភារកិច្ចយ៉ាងល្អប្រសើរ មានការលះបង់ និងយកចិត្តទុកដាក់ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់សកម្មភាពខុសច្បាប់ ដើម្បីធានាថា ប្រជាពលរដ្ឋរស់នៅក្នុងបរិយាកាសសុវត្ថិភាព និងមានសុខដុមរម្យនា។
ក្នុងការបន្តសម្រេចបាននូវគោលបំណងនៃការថែរក្សាសន្តិភាព និងស្ថិរភាព ឯកឧត្តមបានណែនាំអោយកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្តអនុវត្តបួនចំណុចសំខាន់ៗដូចតទៅ៖
1. រក្សាអោយបាននូវសន្តិភាព និងអភិរក្សអធិការកិច្ចជាតិ ព្រោះគ្មាននរណាស្រឡាញ់ជាតិដូចជាមេដឹកនាំប្រទេសនោះទេ។
2. បន្តធានានូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ។
3. បង្កើនសហការជាប្រសើរជាមួយមន្ទីរអង្គភាពជុំវិញខេត្តដោយមានភាពគោរពលំដាប់ឋានានុក្រម និងភាពចាស់ទុំ។
4. ផ្តោតលើការថែរក្សាសុខភាពរបស់ខ្លួន និងការបំពេញភារកិច្ចជាមួយភាពរឹងមាំ។
នៅទីបញ្ចប់ ឯកឧត្តមបណ្ឌិតបានរំលឹក និងបញ្ជាក់ថា កងកម្លាំងគ្រប់អង្គភាពជាអ្នកការពារប្រជាពលរដ្ឋ និងជាអ្នកថែរក្សាសន្តិភាពសង្គម ដូចនេះទាំងអស់គ្នាត្រូវបន្តសហការរួមគ្នា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបន្តផ្តល់សេវាកម្មសាធារណៈដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមានភាពរួសរាយរាក់ទាក់ និងប្រកបដោយវិជ្ជាជីវៈ៕

           

អត្ថបទ៖ មុនីវ័ន្ត

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *