កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ១៣ និង១៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ និងទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានដឹកនាំគណៈប្រតិភូសាលាភូមិន្ទរដ្ឋបាលចូលរួមកម្មវិធីសិក្ខាសាលាស្តីពីការបង្កើតបណ្តាញអាស៊ាន-ចិន នៃស្ថាប័នបណ្តុះបណ្តាលអភិបាលកិច្ច រដ្ឋបាលសាធារណៈ និងធនាគារខួរក្បាល (ASEAN-China Network of Academies of Governance and Public Administration and Think-tanks) ដោយផ្តោតលើប្រធានបទរួមគ្នាដើម្បីទំនើបកម្មសមត្ថភាពអភិបាលកិច្ច (Joining Hands to Advance the Modernization of Governance Capacity)។
មុនដំណើរការនៃអង្គសិក្ខាសាលាមានកិច្ចប្រជុំទ្វេភាគីរវាងថ្នាក់ដឹកនាំនៃបណ្តាស្ថាប័នបណ្តុះបណ្តាលរបស់អាស៊ាន និងបណ្ឌិត្យសភាអភិបាលកិច្ចជាតិចិន។ ក្នុងកិច្ចប្រជុំទ្វេភាគីរវាងថ្នាក់ដឹកនាំសាលាភូមិន្ទរដ្ឋបាល និងបណ្ឌិត្យសភាអភិបាលកិច្ចជាតិចិន ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ជំនួសមុខឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានសំដែងនូវអំណរគុណ ចំពោះឯកឧត្តម លី យី ប្រធានបណ្ឌិត្យសភាអភិបាលកិច្ចជាតិចិន ដែលបានផ្តួចផ្តើមគំនិតក្នុងការបង្កើតបណ្តាញអាស៊ាន-ចិន នៃស្ថាប័នបណ្តុះបណ្តាលអភិបាលកិច្ច រដ្ឋបាលសាធារណៈ និងធនាគារខួរក្បាលនេះឡើង ដោយផ្តើមចេញពីសេចក្តីថ្លែងការរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៧ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នាទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងការផ្លាស់ប្តូរការយល់ដឹងប្រជាជន និងប្រជាជន។
ភាគីទាំងពីរបានជម្រាបគ្នាពីបេកសកម្មរបស់ស្ថាប័នទាំងពីរដែលមានការបណ្តុះបណ្តាលមន្រ្តី មានលក្ខណៈប្រហាក់ប្រហែលគ្នា ជាពិសេសការបណ្តុះបណ្តាលមន្រ្តីជាថ្នាក់ដឹកនាំជាន់ខ្ពស់ លើមុខវិជ្ជាភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងទំនើបកម្មអភិបាលកិច្ច។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជម្រាបភាគីចិនថា កន្លងមកថ្មីៗនេះឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ទើបបានអញ្ជើញមកទស្សនកិច្ចនៅក្រសួងមុខងារសាធារណៈប្រទេសចិន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តការរវាងប្រទេសទាំងពីរផងដែរ ការបង្កើតបណ្តាញអាស៊ាន-ចិននេះ ជាជំហានថ្មីមួយក្នុងការពង្រឹងស្ថាប័នបណ្តុះបណ្តាលទាំងពីរ។
សិក្ខាសាលារវាងអាស៊ាន-ចិន បានចែករំលែកព័ត៌មានគ្នាទៅវិញទៅមកពីបេសកកម្មក្នុងការបណ្តុះបណ្តាលរៀងៗខ្លួន និងបានឯកភាពគ្នាពីការបង្កើតនូវបណ្តាញស្ថាប័នបណ្តុះបណ្តាលអាស៊ាន-ចិន ដោយមានការព្រមព្រៀងគ្នាលើចំណុចធំៗចំនួន៣ រួមមាន៖ ១. សហការគ្នាដើម្បីបណ្តុះបណ្តាលបង្កើនសមត្ថភាពមន្រ្តីក្នុងបណ្តាប្រទេសអាស៊ាន និងចិន ២. សហការគ្នាដើម្បីផ្តល់នូវការពិគ្រោះយោបល់យ៉ាងល្អ តាមរយៈការសហការស្រាវជ្រាវ ផ្តល់ព័ត៌មានពិតល្អដល់អ្នកធ្វើសេចក្តីសម្រេចចិត្ត ៣. សហការគ្នាដើម្បីបង្កើនការយល់ដឹង និងចែករំលែកនូវឧត្តមានុវត្តល្អៗពីគ្នាទៅវិញទៅមក។
កម្មវិធីបន្តពីកិច្ចប្រជុំ ក៏មានបាឋកថានានាអំពីទំនើបកម្មអភិបាលកិច្ចរបស់ចិន ដំណើរទស្សនកិច្ចស្វែងយល់របស់បណ្តាមន្រ្តីស្ថាប័នបណ្តុះបណ្តាលអាស៊ាន ពីស្ថាប័នបណ្តុះបណ្តាលរបស់ចិន ស្ថាប័នរដ្ឋាភិបាល សហគ្រាស និងការយល់ដឹងពីសង្គមសេដ្ឋកិច្ចរបស់ចិន នៅទីក្រុងប៉េកាំង និងខេត្តហ្វូជៀននៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។