សិស្សឆ្នើមកម្ពុជាចំនួន៧០៤នាក់ទទួលបានជ័យលាភីការប្រកួត គណិតវិទ្យា វិទ្យាសាស្ត្រ និងព័ត៌មានវិទ្យា អូឡាំព្យាដអន្តរជាតិ ក្នុងរយៈពេលបួនខែចុងក្រោយក្នុងឆ្នាំ២០២៤

សិស្សឆ្នើមកម្ពុជាចំនួន៧០៤នាក់ទទួលបានជ័យលាភីការប្រកួត គណិតវិទ្យា វិទ្យាសាស្ត្រ និងព័ត៌មានវិទ្យា អូឡាំព្យាដអន្តរជាតិ ក្នុងរយៈពេលបួនខែចុងក្រោយក្នុងឆ្នាំ២០២៤

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ នេះ មជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី (TBF) មជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដអន្តរជាតិ សិង្ហបុរី (SIMCC) និងសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា (ស.អ.ម) បានសហការគ្នា រៀបចំព្រឹត្តិការណ៍ពិធីប្រគល់មេដាយ និងវិញ្ញាបនបត្រជូនដល់បេក្ខជនជ័យលាភី ការប្រកួត គណិតវិទ្យា វិទ្យាសាស្ត្រ និងព័ត៌មានវិទ្យា អូឡាំព្យាដ អន្តរជាតិ ២០២៤​ (SMC, AMO, MMT, VJSO, DrCT, NJCO, CS0, CS1 2024) ដល់បេក្ខជនជ័យលាភីចំនួន៧០៤នាក់ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

យោងតាមរបាយការណ៍របស់លោកយ៉ែម សុភ័ណ្ឌ ប្រធានមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី (The Brainiac Factory) បានបង្ហាញថានៅក្នុងរយៈពេលបួនខែចុងក្រោយក្នុងឆ្នាំ២០២៤នេះ មានសិស្សកម្ពុជា ដែលបានចូលរួមក្នុងការប្រឡងការប្រកួត គណិតវិទ្យា វិទ្យាសាស្ត្រ និងព័ត៌មានវិទ្យា អូឡាំព្យាដ អន្តរជាតិ មានចំនួនច្រើនគួរឱ្យកត់សម្គាល់ ដោយក្នុងនោះ មានបេក្ខជនសរុបចំនួន ២៩៦៦នាក់ (ប្រុស១៦៩២នាក់ និងស្រី១២៧៤នាក់)  ដែលជាសិស្សានុសិស្សកម្ពុជាមកពីបណ្តាគ្រឹះស្ថានអប់រំសាធារណៈ និងឯកជននានានៅទូទាំងប្រទេសកម្ពុជា ចូលរួមប្រឡងប្រកួតប្រជែងជាមួយសិស្សមកពីប្រទេសដទៃទៀតចំនួន៣៨ប្រទេស។ ក្នុងនោះមានបេក្ខជនកម្ពុជាទទួលបានជ័យលាភី មេដាយមាស ចំនួន២១៦នាក់ មេដាយប្រាក់ ចំនួន២៣២នាក់ និងមេដាយសំរិទ្ធ ចំនួន២១៦នាក់ សរុបចំនួន ៩៥៩មេដាយ ដែលសិស្សជ័យលាភីមានចំនួន ៧០៤នាក់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហាញនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះបេក្ខជនជ័យលាភីនិងមានប្រសាសន៍ថា “ខ្ញុំពិតជាមានមោទនភាពបំផុតចំពោះក្មួយៗសិស្សានុសិស្សកម្ពុជាយើង ដែលមានសមត្ថភាពចូលរួមការប្រឡងគណិតវិទ្យា វិទ្យាសាស្រ្ត និងព័ត៌មានវិទ្យា កម្រិតអន្តរជាតិ ដែលមានបេក្ខជនចូលរួមប្រឡងនៅជុំវិញពិភពលោក ជាពិសេស ក្មួយៗបានដណ្តើមយកមេដាយជាច្រើនសម្រាប់ប្រទេសកម្ពុជាយើង។ នេះ សបញ្ជាក់ឱ្យឃើញពីសមត្ថភាពរបស់ក្មួយៗ ពិតជាពូកែ មិនចាញ់សិស្សានុសិស្សនៅក្នុងបណ្តាប្រទេសជឿនលឿន នៅក្នុងតំបន់ និងនៅក្នុងពិភពលោកឡើយ។ ការណ៍នេះ ក៏បានបង្ហាញពីការរីកចម្រើន និងការអភិវឌ្ឍន៍មូលធនមនុស្ស ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្រ្តបញ្ចកោណរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងពោរពេញដោយថាមពលរបស់អ្នកដឹកនាំបន្តវេនដ៏ឆ្នើម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។” លើសពីនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ឱ្យបន្តការខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីក្លាយជាអ្នកបន្តវេនពោរពេញដោយសមត្ថភាពនាពេលអនាគតខាងមុខ សូមលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ សូមបន្តការអប់រំបណ្តុះបណ្តាលដល់សិស្សានុសិស្សឱ្យរឹតតែពូកែថែមទៀត ជាពិសេស សូមលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាល បន្តណែនាំទូន្មាន តម្រង់ទិស និងលើកទឹកចិត្ត ដល់បុត្រធីតារបស់ខ្លួន ឱ្យមានភាពក្លាហាន ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីដែលលក្ខណៈអន្តរជាតិធំៗ ដើម្បីវាស់ស្ទង់សមត្ថភាព ដោយការប្រៀបធៀបខ្លួនឯង ជាមួយខ្លួនឯង និងការប្រៀបធៀបខ្លួនឯង ជាមួយពិភពលោក។

z

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *