សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំលើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា។
ក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ សម្តេចធិបតី បានមានប្រសាសន៍គូសបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងជំរុញ និងពង្រឹងការចូលរួមរបស់សមាគម ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឱ្យកាន់តែសកម្មខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏ដូចជាការលើកកម្ពស់ និងពង្រឹងមុខងារ និងតួនាទីរបស់សមាគមថែមមួយកម្រិតទៀត បន្ថែមពីនោះ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងគោរមវន្តទាំងអស់ ជានិច្ចកាលតែងតែចូលរួមក្នុងសកម្មភាពសង្គម មនុស្សធម៌ និងសប្បុរសធម៌ នាពេលកន្លងមក។ រាជរដ្ឋាភិបាល ក៏កត់សម្គាល់ឃើញថា រាល់ការអំពាវនាវរបស់រាជរដ្ឋាភិបាល តែងតែទទួលបានការគាំទ្រចូលរួមយ៉ាងសកម្មពីសំណាក់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាផងដែរ។








