រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ២២ ខែមិនា ឆ្នាំ២០២៥ នេះបានប្រារព្ធពិធី ដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ ដោយពិធីនេះធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមជាអធិបតី ពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថា មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមបានទទួលជោគជ័យក្នុងការក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូនេះ គឺដោយសារមានការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរពាក់ព័ន្ធព្រមទាំងសហគមន៍។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់មន្ត្រីសុខាភិបាលខេត្តកំពង់ចាមទាំងអស់សូមឱ្យបន្តក្នុងការរក្សានូវចំណុចល្អដែលយើងបានធ្វើរហូតទទួលជ័យលាភីលេខ១ ពីការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាលឆ្នាំ ២០២៤ នេះ ពោលគឺគ្រប់គ្រងខ្សែក្រវ៉ាត់នេះឲ្យបានដោយផ្អែកទៅលើការផ្តល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀតនាពេលបច្ចុប្បន្ន និងទៅអនាគត ។

គូររំលឹកផងដែរថាមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមទទួលជ័យលាភីលេខ១ ពីការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។ ក្នុងរយៈពេល ៥ឆ្នាំ (២០២០-២០២៤) មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមបានអភិវឌ្ឍន៍មន្ទីរពេទ្យទាំងហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពនៃការផ្តល់សេវា។ មន្ទីរពេទ្យបង្អែកខេត្តនេះក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួម អនុវត្តការកែលម្អនូវរបៀបរបបនៃការគ្រប់គ្រង និងភាពជាអ្នកដឹកនាំដើម្បីផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាពល្អប្រសើរឡើងស្របតាមគោលនយោបាយនៃការកែទម្រង់របស់រាជរដ្ឋាភិបាលឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ឆ្នាំ២០៣៥ ៕

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *