លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្ម

នាព្រឹកថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្ម (TPR) លើកទី៣របស់កម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៦ និង២៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ កិច្ចប្រជុំនេះមានគោលបំណងត្រួតពិនិត្យអំពីការអនុវត្តគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជាចាប់ពីកិច្ចប្រជុំ TPR លើកទី២ ក្នុងឆ្នាំ២០១៧។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសារៈសំខាន់ និងការគាំទ្ររបស់កម្ពុជាលើប្រព័ន្ធពាណិជ្ជកម្មពហុភាគីឈរលើវិធានច្បាប់និងគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលក្នុងនោះ ការចូលរួមក្នុងកិច្ចប្រជុំ TPR លើកទី៣ របស់កម្ពុជានេះ បានឆ្លុះបញ្ចាំងពីការអនុវត្តនិងប្រកាន់ខ្ជាប់នូវគោលការណ៍តម្លាភាព ដែលជាគោលការណ៍មួយដ៏សំខាន់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ ទន្ទឹមនឹងនោះ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗនានា ដែលកម្ពុជាសម្រេចបានចាប់តាំងពីកិច្ចប្រជុំ TPR លើកទី២ កន្លងមក ជាពិសេសលើការអភិវឌ្ឍសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងវិនិយោគ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការឈានទៅរកការចាកចេញឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ២០២៩ ខាងមុខ។

ជាមួយគ្នានេះដែរ មានសមាជិកអង្គការពាណិជ្ជកម្មពិភពលោកជាច្រើន បានចូលរួមផ្តល់សេចក្តីថ្លែងការណ៍គាំទ្រ និងកោតសរសើរដល់វឌ្ឍនភាពក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ២០ ឆ្នាំកន្លងមកក្រោយពីកម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០០៤ ជាពិសេសអំពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ កន្លងទៅ។ សមាជិកអង្គការពាណិជ្ជកម្មពិភពលោក ក៏បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តនូវកាតព្វកិច្ចរបស់កម្ពុជាក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ហើយក៏បានផ្តល់អនុសាសន៍ចូលរួមដល់ការបន្តធ្វើកំណែទម្រង់ច្បាប់និងស្ថាប័ន និងការអភិវឌ្ឍន៍វិស័យសំខាន់ៗ តាមរយៈការបន្តធ្វើឱ្យប្រសើរទ្បើងបន្ថែមនូវបរិយាកាសធុរកិច្ច វិនិយោគ ការធ្វើពិពិធកម្មពាណិជ្ជកម្ម ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយជាតិនានាដែលបានដាក់ចេញ។

សូមបញ្ជាក់ផងដែរថា កម្ពុជាធ្លាប់បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយកម្ពុជាចំនួន ២ លើករួចមកហើយ ចាប់តាំងពីក្លាយជាសមាជិកពេញសិទិ្ធនៃអង្គការ ពាណិជ្ជកម្មពិភពលោក ក្នុងឆ្នាំ២០០៤ មក គឺ លើកទី១ ក្នុងឆ្នាំ២០១១ និងលើកទី២ ក្នុងឆ្នាំ ២០១៧។ ផ្សាយ៖ កន ចំណាន

  

ប្រភព៖ ក្រសួងព័ត៌មាន

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *