ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ

ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ គឺជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំ ។

រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តយុទ្ធនាការកម្ចាត់មូសខ្លា និងគ្មានជំងឺគ្រុនឈាមគ្រប់ទីតាំងភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ដោយយោងទៅលើស្ថានភាពជាក់ស្ដែងនៃការរីករាលដាលជំងឺគ្រុនឈាមមានការកើនឡើង ។ វិធានជាបន្ទាន់នេះ រៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ  ព្រមទាំងមន្ត្រីពាក់ព័ន្ធ ដោយមានកិច្ចសហការពីកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណា លុបបំបាត់ឱ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាមយាយីដល់បងប្អូនប្រជាពលរដ្ឋ ។ ក្រុមការងារបានចុះធ្វើយុទ្ធនាការបាញ់សម្លាប់មូសខ្លា នៅខណ្ឌចំនួន៥ រួមមាន ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដែលជាខណ្ឌមានបញ្ហាប្រឈម ជំងឺគ្រុនឈាមខ្លាំងជាងគេ នាថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៤ ។ រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញជាជំហានដំបូងនេះ ត្រូវបាញ់ថ្នាំសម្លាប់មូសខ្លានៅខណ្ឌទាំង៥នេះ ឱ្យបានរួចរាល់ ក្នុងរយៈពេលមួយសប្តាហ៍ រួចបន្តទៅខណ្ឌផ្សេងទៀតរហូតបញ្ចប់ទាំង១៤ខណ្ឌ និង១០៥សង្កាត់ នៅតាមប្រឡាយ លូ នានា នៅក្នុងរាជធានីភ្នំពេញបន្តទៀតសំដៅធ្វើយ៉ាងណា លុបបំបាត់ឱ្យបានទាំងស្រុងគ្មានជំងឺគ្រុនឈាមនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញទាំងអស់សូមចូលរួមលុបបំបាត់ជម្រកមូសខ្លា ដូចជាលុបបំបាត់កន្លែងទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដបវត្ថុដក់ទឹកភ្លៀងជាដើម  ដើម្បីរួមចំណែកឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការកម្ចាត់ជម្រកមូសខ្លាដែលជាភ្នាក់ងារចំលងជំងឺគ្រុនឈាម ។

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ឱ្យអនុវត្ត នាថ្ងៃទី២៤ សីហា ២០២៣ បានកំណត់នូវបញ្ចកោណទី១ គឺការអភិវឌ្ឍមូលធនមនុស្ស ដោយមានកិច្ចការអាទិភាព ចំនួន ៥ ដែលការលើកកម្ពស់សុខភាព និងសុខុមាលប្រជាជន គឺជាកិច្ចការអាទិភាពទី៣ នៃបញ្ចកោណទី១ ដោយមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់ បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ ការបន្តលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និងមាតា ។

Credit :  Facebook

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *